ដីព្រៃកោងកាងរបស់រដ្ឋដែលកំពុងតែរងការរិះគន់ និងជាចំណាប់អារម្មណ៍ពីសំណាក់សាធារណជនទូទៅ ថាមូលហេតុអ្វីបានក្លាយជាកម្មសិទ្ធិស្របច្បាប់បុគ្គលឯកជនទៅវិញ ខណៈដែលអាជ្ញាធរថ្នាក់ក្រោមមិនដឹង មិនបានឮ តែមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់លើមានការអះអាងខ្លះៗមិនទាន់ច្បាស់លាស់ហាក់ដូចជាមានរឿងអាថ៌កំបាំងថាតើការអនុវត្តច្បាប់ស្របតាមនីតិវិធីដែរឬយ៉ាងណា? (វគ្គ១)
ខេត្តកែប : ទីតាំងនៅតំបន់មួយចំនួនស្ថិតក្នុងខេត្តកែបគឺសំបូរព្រៃកោងកាង ជាពិសេសស្រុកដំណាក់ចង្អើរក្រោមការអភិរក្សការពារយ៉ាងតឹងតែងរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ជូនដើម្បីរក្សាទុកដីព្រៃមួយចំនួនសម្រាប់ជាជម្រកត្រីពងកូននៅរដូវទឹកឡើង និងដីមួយចំនួនទៀតសម្រាប់ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា។
ថ្មីៗនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះពិនិត្យដើម្បីទទួលយកព័ត៌មានជាក់ស្តែង បន្ទាប់ពីមានការលើកឡើងជុំវិញទីតាំងដីព្រៃកោងកាងមួយកន្លែងដែលត្រូវបានចាក់គ្រឹះ និងបោះបង្គោលជាច្រើនដើមដោយមានការហ៊ុំព័ទ្ធដើម្បីកំណត់យកដែនព្រំដីជាកម្មសិទ្ធិរបស់ខ្លួន។
ការយកគ្រឿងចក្រធ្វើជាផ្លូវដើម្បីចូលក្នុងទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺងាយស្រួលឱ្យកម្មករចូលធ្វើការសាងសង់។
សាធារណៈជននៅតែបន្តដោយមានចម្ងល់ហើយចម្ងល់ទៀតថាសុខៗដីព្រៃកោងកាងនេះក្លាយជាកម្មសិទ្ធិរបស់បុគ្គលឯកជនទៅវិញ អ្នកខ្លះរកពាក្យថ្លែងមិនបានថាបើជាកម្មសិទ្ធិឯកជនមែននោះ តើគេយកអភិវឌ្ឍន៍ធ្វើអ្វីដែរ? តើមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានពួកគាត់មិននិយាយអ្វីទាល់តែសោះ ក្រែងពួកគាត់ជាអាណាព្យាបាលឪពុកម្ដាយពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើនោះមែនទេ?
អ្នកខ្លះនិយាយជារៀងរាល់ថ្ងៃថា បើថ្ពួកមិនទៅព្នៅវាមិនមកដែរ កុក និងក្រសារ វាស្រដៀងគ្នាគឺចេះហោះហើរ ចេះរកចំណីរសុីដូចគ្នាទេ បើមានចំណីរល្អៗបានសុីហើយនៅឡើយគិតអីសុីសិនហើយ ចាំថ្ងៃក្រោយគិតទៀត។
អ្នកនិយាយចេះតែនិយាយទៅ ព្រោះនៅសុខៗដីព្រៃកោងកាងនេះក្លាយជាកម្មសិទ្ធិដោយប្រែរូបរាងយ៉ាងលឿនរហ័សគឺក្លាយជាកម្មសិទ្ធិបុគ្គលឯកជនបាត់ទៅហើយ តើអាចមានអ្វីអាថ៌កំបាំងទេដឹង?
ការចេះតែបន្តបន្លឺសម្លេងស្ទើរគ្រប់តែទីកន្លែងមិនថានៅក្នុងទឹកដីខេត្តកែបនោះទេ សូម្បីតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលនៅតាមទាមកាហ្វេមួយចំនួនក៏បើកភ្នែកធំៗមើលអំពីទិដ្ឋភាពនៃសកម្មភាពនៅក្នុងការឃុំព័ទ្ធនៅទីតាំងនៃដែលជាកម្មសិទ្ធិស្របច្បាប់របស់បុគ្គលឯកជននោះទៅវិញ។
អ្នកមួយចំនួននិយាយថាមិនចាំបាច់ឆ្ងល់អីទេ វាជាធម្មតាទេការប្រែបណ្ណកម្មសិទ្ធិបានដូច្នេះក៏ព្រោះតែបើមិនមានក្រដាសទេវប្រាក់ដើម្បីបង់ពន្ធទេវាមិនអាចមានការហ៊ុមព័ទ្ធដូច្នេះបាននោះឡើយ។
ជាងនេះទៅទៀតជាទិដ្ឋភាពជាក់ស្ដែងនៅករណីមួយចំនួនដែលកក្រើកនៅលើបណ្ដាញសង្គមកន្លងមកដោយសារតែមានទីតាំងខ្លះផ្សេងៗគ្នាដទៃទៀតបានឃុបឃិតគ្នាជាប្រព័ន្ធរវាងអ្នកកាន់ច្បាប់ អ្នកអនុវត្តច្បាប់ ជាមួយនឹងអ្នកមានលុយមានឥទ្ធិពល អាចធ្វើបានគ្រប់ពេលវេលាក្នុងការទន្ទ្រានកាន់កាប់យកសម្បត្តិធនធានធម្មជាតិរបស់រដ្ឋជាប្រយោជន៍ខ្លួន។
ចម្ងល់រាប់រយពាន់អត្ថន័យកំពុងតែគោះអង្រន់បេះដូងមហាជននៅលើបណ្ដាញសង្គមយ៉ាងផុសផុលអំពីទីតាំងតំបន់ព្រៃកោងកាងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះដែលធ្វើឲ្យអាជ្ញាធរថ្នាក់មូលដ្ឋានមិនអាចនឹ០ងនិយាយបានថាផ្ដើមឡើងពីអ្វី និងគួរនិយាយអំពីអ្វីទៅ។
ដោយមានការលើកឡើងមិនខុសគ្នាប៉ុន្មាននោះ គឺយោងតាមដំណើររឿងទីតាំងដែលស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដីព្រៃកោងខាងនេះបានធ្វើការចេញ បណ្ណកម្មសិទ្ធិអចលនវត្ថុជាលើកទីមួយមានទំហំប្រមាណជាង៧៦ហិចតា ក៏ប៉ុន្តែដោយមានវិវាទទើបមានការកាត់ចេញដាច់ដោយឡែកជាពីរផ្នែកផ្សេងៗគ្នា គឺទីតាំងទី១ មានប្រមាណប្រាំហិចតា និងមួយទៀតមានទំហំប្រមាណ៧១ ហិចតា។
ចំពោះទីតាំងដែលមានទំហំប្រមាណជាង៧១ហិចតាស្មើរនឹងទំហំ( ៧១៥០០០ ម៉ែត្រការ៉េ)ម្ចាស់បណ្ណកម្មសិទ្ធិដែលមានឈ្មោះដំបូងបានផ្ទេរទៅឲ្យម្ចាស់បានទទួលជាលើកទី២ បន្ត។
ជាការពិតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក មូល ជា ជាអនុភូមិ ជំនួសលោក ឡា គូ ជាមេភូមិទួលសាងាំ ក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទ លោកបានបញ្ជាក់តាមទូរស័ព្ទដៃថាលោកមិនដឹងទេសុំសួរទៅលោកមេឃុំវិញទៅ កុំសួរលោកអី លោកមិនដឹងទេ។
ចំណែកឯលោក មុី វុធ ជាមេឃុំដែលទទួលតំណែងកាន់ការងារនៅក្នុងឃុំអង្កោល បានប្រាប់ថាបើចង់ដឹងព័ត៌មាននេះសូមអញ្ជើញមកឃុំលោកទៅ ចៀសវាងសាធារណជនមានមន្ទិលឆ្ងល់គ្រប់ពេលវេលា និងដើម្បីកុំឲ្យលោកមេឃុំមិនហ៊ានប្រាប់តាមទូរសព្ទ គឺអ្នកសារព័ត៌មានបានទៅដល់សាលាឃុំដើម្បីឲ្យលោកមេឃុំបញ្ជាក់ការពិតចំពោះមុខប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចូលទៅដល់ឃុំអង្កោល ខណៈដែលទៅដល់សាលាឃុំស្រាប់តែលោកមេឃុំបែរជាមិននៅ អាចលោកជាប់រវល់នៅខាងក្រៅទេដឹង ទូរសព្ទទៅក៏មិនលើកទូរសព្ទដៃទៀតពេលនោះ។
តែទោះជាយ៉ាងណាក៏ដោយឆ្លៀតឱកាសនោះផងដែរ យើងជាអ្នកសារព័ត៌មានក៏បានធ្វើការសាកសួរទៅក្រុមប្រឹក្សាឃុំចំពោះលោកតាម្នាក់ដែលមានវ័យចំណាស់បានប្រាប់ថាជុំវិញករណីរឿងដីនេះគឺលោកមិនអាចនិយាយបានទេ ព្រោះកន្លងមកមេឃុំចាស់បានដឹងឮរឿងនេះច្រើន តែគាត់បានមរណៈភាពទៅហើយ ហើយលោកមេឃុំថ្មីលោកអត់នៅទៀតមិនដឹងមានអ្វីបញ្ជាក់នោះទេ ព្រោះថ្នាក់ក្រោមមិនអាចបរិយាយបានឡើយសូមសួរទៅអាជ្ញាធរថ្នាក់លើទៅ ន័យនេះលោកចង់មានន័យថាឲ្យអ្នកសារព័ត៌មានសាកសួរទៅអាជ្ញាធរឬមន្ត្រីស្រុក ឬខេត្តទៅ ។
រឿងកាន់តែមានចំណាប់អារម្មណ៍ម្ដងហើយម្ដងទៀតថាមូលហេតុអ្វីបានជាព្រៃកោងកាងដែលជាសម្បត្តិធនធានរបស់រដ្ឋបែរជាត្រូវបានធ្វើរបងបែរជាបោះបង្គោលនោះទៅវិញ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់តាមរយៈទូរសព្ទដៃយ៉ាងខ្លីថាដីគេមានប្លង់បណ្ណកម្មសិទ្ធិរួចហើយ ហើយលោកមិនមានភាសាអីនិយាយច្រើនក៏ព្រោះតែលោកជាប់រវល់នៅឆ្ងាយ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ យើងក៏បានទំនាក់ទំនងទៅឯកឧត្តម ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ និងជា ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្តកែបដើម្បីឲ្យលោកជួយបញ្ជាក់ ស្របពេលជាមួយគ្នានោះដែរលោកបានប្រាប់មកថាចាំលោកសួរទៅជំនាញសិនដោយលោកជាប់ប្រជុំ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ដដែល សារព័ត៌មាន CSP TV NEWS បានធ្វើការទំនាក់ទំនងទៅឯកឧត្តម សេង ឡូត បម្រើការងារក្រសួងរៀបចំដែនដីនគររូបូនីកម្ម និងសំណង់ ដើម្បីឲ្យលោកជួយបញ្ជាក់តែទូរសព្ទដៃរបស់លោកមិនត្រូវបានទទួលនោះទេ។
ស្របពេលជាមួយគ្នានោះដើម្បីសុំការបញ្ជាក់បំភ្លឺបន្ថែមពីឯកឧត្តម ឃឹម ហ្វីណង់ បម្រើការងារនៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពេលទូរសព្ទដៃហៅចូលហើយមិនមានអ្នកលើកឡើយ អាចលោកជាប់រវល់ហើយមើលទៅ។
តែទោះជាមានការអះអាងពីអាជ្ញាធរមន្ត្រីពាក់ព័ន្ធមួយចំនួនយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅមានបុរសម្នាក់ដែលកម្មករបម្រើការងារទីនោះ ដែលអះអាងថាជាមេការប្រចាំការនៅក្នុងទីតាំងធ្វើការក្នុងភូមិសាស្ត្រខាងលើនេះបានបញ្ជាក់ថាដីនេះមានម្ចាស់រួចបាត់ទៅហើយ លោកគ្រាន់តែមើលការងារបង្គោលនោះតែប៉ុណ្ណោះទេ ក្រៅពីនេះលោកមិនដឹងទេ។
ការប្រើរយៈពេលជាច្រើនថ្ងៃដើម្បីស្រាវជ្រាវស៊ើបអង្កេតជុំវិញរឿងដីព្រៃកោងកាងមួយកន្លែងដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះមានការស្មុគស្មាញបន្តិចមែន ក៏ប៉ុន្តែដើម្បីស៊ីជម្រៅនិងជៀសវាងមតិសាធារណជនមួយចំនួនតែងតែយល់និងឈានទៅដល់មានការយល់ឃើញផ្សេងៗគ្នានោះអង្គភាពសារព័ត៌មាន csp tv news របស់យើងព្យាយាមទំនាក់ទំនងទៅលោក និម្មាបនិ សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកែប ម្ដងទៀត លោកក៏បានប្រាប់ថាទីតាំងនេះបើមិនមានការអះអាងត្រឹមត្រូវនោះមិនមែនចេះតែចេញប្លង់រឹងបាននោះទេ ឱ្យលោកបានបញ្ជាក់នៅក្នុងសារក្នុងបណ្ដាញតេលេក្រាមថា(ទីតាំងដីនេះ មានអនុក្រឹត្យ និងសជណ ច្បាស់លាស់ ព្រមទាំងបណ្ណកម្មសិទ្ធិដីរដ្ឋនៅព័ទ្ធជុំវិញនេះ។) សារព័ត៌មានរបស់យើងក៏ស្នើសុំឲ្យលោកជួយផ្ញើឯកសារពាក់ព័ន្ធមួយចំនួនជុំវិញលិខិតបទដ្ឋានដែលលោកបានអះអាង តែលោកសុំបញ្ជាក់ថា លោកមិនអាចផ្ញើបានទេ។
សូមជម្រាបផងដែរថាជុំវិញទិន្នន័យមួយចំនួនទាំងប័ណ្ណកម្មសិទ្ធិអចលនៈវត្ថុបុគ្គលឯកជនអង្គភាពសារព័ត៌មានយើងធ្វើការស្រាវជ្រាវបានតាមរយៈប្រភពផ្សេង មិនមែនទទួលបានពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញណានោះទេ។
អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅនៅតែបន្តយកចិត្តទុកដាក់ពិនិត្យតាមដានអំពីស្ថានភាពទីតាំងកន្លែងនេះដែលត្រូវបានធ្វើការបោះបង្គោលក្នុងភូមិសាស្ត្រដីព្រៃកោងកាងដែលជាជម្រកត្រីពងកូនរបស់ម្ចាស់កម្មសិទ្ធិដែលជាបុគ្គលឯកជននោះ ក៏មានការស្នើយ៉ាងទទូចចំពោះថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំខេត្តមានដូចជា:
-គោរពស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សុំធ្វើការស្រាយបំភ្លឺជូនសាធារណៈជនទូទៅដើម្បីជៀសវាងមានការរិះគន់ជាសាធារណៈ។
-គោរពចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សុំចាត់មន្ត្រីជំនាញក្រោមឱវាទដើម្បីពិនិត្យមើលចំពោះទីតាំងខាងលើនេះថាជាទីតាំងដែលអនុវត្តទៅតាមនីតិវិធីច្បាប់ នឹងត្រូវបានកាន់កាប់ស្របច្បាប់ដោយបុគ្គលឯកជនដូចការលើកឡើងរបស់អាជ្ញាធរមន្ត្រីជំនាញមានសមត្ថកិច្ចខាងលើដែរឬយ៉ាងណា ដើម្បីឲ្យមានតុល្យភាពនៅក្នុងការបង្ហាញអំពីភាពស្របច្បាប់ដែលកន្លងមកជាទីតាំងស្ថិតនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
-គោរពស្នើសុំចំពោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជួយពិនិត្យមើលទីតាំងខាងលើនេះដោយមានភាពច្បាស់លាស់ត្រឹមត្រូវដែរឬយ៉ាងណា ដើម្បីឲ្យពលរដ្ឋក៏ដូចជាមហាជនទូទៅបាត់មន្ទិលសង្ស័យថាតើអាចមានបុគ្គលខ្លះមានលុយ មានឥទ្ធិពល ដោយប្រើប្រាស់សកម្មភាពដែលប្រាសចាកពីនីតិវិធីច្បាប់ក្នុងករណីប្រើប្រាស់រូបភាពផ្សេងដែលបាត់បង់និងមានផលប៉ះពាល់ដល់ដំណើរការដឹកនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាបាត់បង់ចំណូលពន្ធរបស់រដ្ឋ ក្នុងការផ្ដល់ដំណឹងត្រឡប់មកចំពោះមជ្ឈដ្ឋានសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិល ដែលកន្លងមកឯកឧត្តមតែងតែធ្វើកិច្ចការងារមានភាពច្បាស់លាស់ម្ចាស់ការនិងមានការទទួលខុសត្រូវដែលត្រូវបានជាទីគោរពពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋពិសេសនៅក្នុងទឹកដីខេត្តកែបជាតំបន់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនេះផងដែរ។
អង្គភាពសារព័ត៌មាន CSP TV NEWS សូមបញ្ជាក់ថាសម្រាប់ខេត្តកែបយោងតាមទិន្នន័យចាស់កន្លងមក គឺជាខេត្តមួយដែលតូចជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡាចំនួន ៣៣៦គីឡូម៉ែត្រការ៉េ (១៣០ម៉ាញ៍) ដែលមានប្រជាជនចំនួន ៤១ ៧៩៨។ ជាខេត្តមួយក្នុងចំណោមខេត្តថ្មីបំផុតរបស់កម្ពុជា រួមជាមួយនឹងខេត្តប៉ៃលិន ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដែលបានបំបែកក្រុងកែប និងស្រុកដំណាក់ចង្អើរចេញពីខេត្តកំពត ក៏ដូចជាការកែសម្រួលព្រំប្រទល់ខេត្តមួយចំនួនផងដែរ។ ខេត្តកែបជាខេត្តតូចជាងគេ និងមានប្រជាជនរស់នៅតិចជាងគេបំផុតរបស់កម្ពុជា។ ទីរួមខេត្តគឺក្រុងកែប ហើយខេត្តនេះមានឧទ្យានជាតិកែបថែមទៀតផង។
