នោះពេលនេះផ្អើលអស់ហើយ សូម្បីតែព្រះឥន្ទក៏មិននៅស្ងៀមដែរពេលនេះ! តើនរណាខ្លះជាប់ពាក់ព័ន្ធរឿងដីព្រៃកោងកាងរបស់រដ្ឋដើម្បីប្រែក្លាយទៅជាកម្មសិទ្ធិបុគ្គលឯកជនទាំំងមិនទាន់បង្ហាញរាល់ភាពត្រឹមត្រូវតាមនីតិវិធីក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលស្តីអំពីដីក្នុងតំបន់អនុក្រឹត្យ (ចេញផ្សាយជាលើកទី៣)!
រាជធានីភ្នំពេញខេត្តកែប : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ការរង់ចាំតាមដានដោយយកទឹកចិត្តទុកដាក់ពីសំណាក់គ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិលដែលចាត់ទុកថាអាចជាការរំលោភបំពានចំពោះដីព្រៃកោងកាងជាជម្រកត្រីកូនពងជាប់ដែនសមុទ្រស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលត្រូវបានប្រែក្លាយយកជាសម្បត្តិបុគ្គលឯកជនទៅវិញ គឺធ្វើឲ្យដំណឹងមួយនេះមិនអាចនៅស្ងៀមត្រឹមនេះបានទេ ប្រតិកម្មគឺពីម្នាក់ទៅម្នាក់កាន់តែខ្លាំងទៅខ្លាំងទៅចំពោះការរិះគន់ដែលនាំឲ្យដំណើរការអនុវត្តផ្លូវច្បាប់ប្រព្រឹត្តមានលក្ខណៈស្តង់ដាពីរ។
នៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៦ មន្ត្រីថ្នាក់ជាតិមួយចំនួនកំពុងតែសិក្សាពិនិត្យមើលដោយលេចឮថាទីតាំងខាងលើនេះត្រូវបានដាក់ជាកម្មសិទ្ធិបុគ្គលឯកជន ដែលលេចឮថាគឺជាគ្រួសាររបស់រដ្ឋលេខាធិការនៃស្ថាប័នដ៏ធំមួយ ហើយដំណឹងនេះទៀតសោតក៏រឹតតែបានពញ្ញាក់បេះដូងប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិកំពូលៗឲ្យក្រឡេកមើលថាតើមានភាពប្រក្រតីដែរឬយ៉ាងណា?បានជាសុខៗដីសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងដែនដីសមុទ្រខេត្តកែបត្រូវបានក្លាយជាបុគ្គលឯកជនកាន់កាប់ជាសម្បត្តិផ្ទាល់ខ្លួនទៅវិញ? រឿងនេះបានធ្វើឲ្យមតិជាសាធារណៈពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមានការរិះគន់ ហើយព្រះឥន្រ្ទឯណោះក៏មិននៅស្ងៀមដែរតាមមើលទៅនឹងអាចយកព្រះនេត្រទៅទតមើលតំបន់នោះ ថាតើនរណាខ្លះជាប់ពាក់ព័ន្ធនឹងការចេញប្លង់ដែលជាសម្បត្តិធនធានធម្មជាតិមានទំហំដល់ ៧១ហិចតាបានទៅន+?
ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជម្រាបទូរសព្ទមកសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ថា ជុំវិញរឿងដីព្រៃកោងកាងស្ថិតនៅទីតាំងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺរហូតដល់ម៉ោងនេះលោកមិនទាន់បានជ្រាបអំពីដំណឹងនេះនៅឡើយទេ ចាំលោកផ្ទៀងផ្ទាត់ព័ត៌មាននេះសិន សូមឱ្យជួយផ្ញើព័ត៌មានមកលោកដើម្បីលោកបានពិនិត្យមើលផង។ ដោយឡែកនៅថ្ងៃដដែលនេះយើងក៏បានទំនាក់ទំនងទៅឯកឧត្តម សេង ឡូត នាំពាក្យក្រសួងរៀបចំដែនដីនគររមណីយកម្ម និងសំណង់ ដើម្បីឲ្យលោកពិនិត្យជុំវិញករណីនេះផងដែរ តែគួរឲ្យសោកស្ដាយទូរសព្ទដៃខលចូលហើយលោកមិនអាចធ្វើការទទួលទូរសព្ទបាននោះឡើយ អាចលោកជាប់រវល់ការងារច្រើនហើយមើលទៅ។
នេះគឺជាការផ្សាយបន្ថែមទៀតកន្លងមកសារព័ត៌មានរបស់យើងក៏បានធ្វើការចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗមកនេះ ដោយបញ្ជាក់ប្រភពនីមួយៗបានគ្រប់គ្រាន់អស់ហើយ ក្នុងនោះយើងសូមបញ្ជាក់ឡើងវិញថា អាជ្ញាធរថ្នាក់មូលដ្ឋានភូមិឃុំមិនបានមានឯកសារក៏ដូចជាសក្ខីកម្មណាមួយដើម្បីបំភ្លឺមកសារព័ត៌មានយើងឱ្យច្បាស់នោះទេ ដោយអាជ្ញាធរភូមិឃុំហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ ដោយដាក់បន្ទុកទៅលើអាជ្ញាធរថ្នាក់ស្រុកឬខេត្តទៅវិញ ចំណែកឯលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានបញ្ជាក់ថាដីព្រៃកោងកាងនេះគេមានប្លង់រួចហើយ ចំពោះឯកសារក៏ដូចជាសេចក្តីបញ្ជាក់ព័ត៌មានលំអិតពាក់ព័ន្ធនឹងការចេញប្លង់នេះថាតើនរណាជាអ្នកមានសិទ្ធិសញ្ញ៉េលើឯកសារនេះខ្លះក៏មិនត្រូវបានព័ត៌មានបញ្ជាក់ឲ្យច្បាស់នៅឡើយនោះទេ រហូតដល់ក្រុមការងារបានចូលទៅដល់ទីស្នាក់ការរដ្ឋបាលស្រុកដំណាក់ចង្អើលទៀតផងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។
ចំណែកឯលោក និម្មាបនិ សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកែប បានបញ្ជាក់ដោយអះអាងថាគ្មានអ្នកណាមួយថ្លើមធំពាសមេឃចេញបាននោះទេបើមិនមានសំអាងនោះ) បើមិនមានសំអាងនោះ។
ហើយលោកនិយាយបែបឌឺដងមកវិញថាមានតែអ្នកសារព័ត៌មានម្នាក់នឹងដែលអត់ដឹង គេរាប់ម៉ឺននាក់ដឹងអស់ហើយ ហើយបើមានប្រជាពលរដ្ឋណាដែលឆ្ងល់អាចមានមួយភូមិអញ្ជើញគាត់មកកន្លែងមន្ទីររបស់លោកទៅលោក។ទទួលធ្វើបទបង្ហាញជូន។
ជុំវិញការឆ្លើយរបៀបនេះហាក់បីដូចជាយើងក៏ចង់ដឹងថាតើការឆ្លើយដោយមានឯកសារយោងដើម្បីជម្រាបមកសារព័ត៌មានដែរឬទេ បំផុតលោកផ្ញើសារជាអក្សរថា មិនអាចផ្ញើទៅបានទេ។
បើទោះបីជាលោកប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ចង់និយាយយ៉ាងម៉េចក៏ជាសិទ្ធិរបស់លោកដែរ តែកុំភ្លេចក្នុងនាមជាមន្ត្រីជំនាញម្នាក់បើបាមចុះហត្ថលេខាណាមួយក៏ដោយក៏ត្រូវបង្ហាញជាមូលដ្ឋានសម្រាប់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលបានដឹងជ្រាបជាទូលំទូលាយដែរ ព្រោះថាប្រទេសមានច្បាប់គ្រួសារមានវិន័យ បើច្បាប់មានហើយកុំទុកឡើយធ្វើអ្វី សូមឱ្យអ្នកដទៃបានដឹងចូលរួមចំណែកឃើញផង គឺមិនអាចអាថ៌កំបាំងបានទេក៏ព្រោះទីតាំងនេះគឺជាសម្បត្តិធនធានសាធារណៈរបស់រដ្ឋ។
សម្រាប់ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ និងជា ប្រធានលេខាធិការដ្ឋានគណៈបព្ជារការ ឯកភាពខេត្តកែប ក៏មិនទាន់បានបញ្ជាក់បន្ថែម ព្រោះកន្លងមកលោកជាប់រវល់បំពេញការងារប្រជុំដោយគិតមកដល់ថ្ងៃនេះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៧។
សូមបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកែបបានអញ្ជើញម្ចាស់ប័ណ្ណអចលនវត្ថុ
ដែលធ្វើការស្នើសុំចាក់ផ្លូវគ្រោះក្រហមដើម្បីធ្វើផ្លូវដី ដោយមានខ្លឹមសារចេញដោយរដ្ឋបាលស្រុកដូចតទៅ:
ខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ
លេខ ១៣២/៤៦.៣.អ.
ថ្ងៃពុធ ១០រោជ ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដំណាក់ចង្អើរ, ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៦
លិខិតអញ្ជើញ យោង
– ពាក្យស្នើសុំចាក់ដីគ្រួសក្រហមដើម្បីធ្វើផ្លូវដី របស់ឈ្មោះ ចៅ ដូមានេត្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦
– ចំណាររបស់លោកអភិបាលនៃគណៈអភិបាលស្រុក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
– លិខិតផ្ទេរសិទ្ធិចាត់ចែងដីធ្លី ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
សូមអញ្ជើញ
* លោក ញូង វទ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៧៦ ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកទទួលសិទ្ធិ ចាត់ចែងដីធ្លី ពីឈ្មោះ ចៅ ដូម៉ានេត្រ។
ដើម្បីចូលរួម ៖ ចូលរួមចង្អុលបង្ហាញទីតាំង ព្រំដីជាក់ស្តែង និងឯកសារពាក់ព័ន្ធលើក្បាលដីលេខ ២១៤១ ស្ថិតនៅភូមិទួលសាដាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលស្នើសុំចាក់ដីគ្រួស ក្រហមដើម្បីធ្វើផ្លូវដី។
ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល
កាលបរិច្ឆេទ ទីកន្លែង ៖ នៅទីតាំងដីផ្ទាល់ក្រោមអធិបតីភាព ៖ លោក អ៊ុក វុទ្ធី អភិបាលរងស្រុក
អាស្រ័យហេតុនេះ សូម លោក អញ្ជើញចូលរួមតាមការអញ្ជើញរបស់រដ្ឋបាលស្រុក តាម ពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើកុំបីខាន។
ជុំវិញលិខិតមួយនេះផងដែរបើតាមអត្ថន័យដែលបានបង្ហាញដែលបញ្ជាក់ខាងលើនេះ បើទោះបីជាដីនេះជាកម្មសិទ្ធិឯកជនក៏ដោយ មហាជនកាន់តែមិនយល់ថាតើលិខិតនេះធ្វើការស្នើសុំដើម្បីចាក់ដីគ្រោះក្រហម តែបើឃើញនៅសកម្មភាពជាក់ស្ដែងឃើញមានការបោះបង្គោលថ្មជាច្រើនដើម ចាក់ចាក់ដាច់បេតុងទំហំកម្ពស់ខ្លី អាចចាត់ទុកថាជាការហ៊ុំព័ទ្ធដីនៅពេលខាងមុខឆាប់ៗនេះ។
ទាក់ទងទៅនឹងលិខិតអញ្ជើញឲ្យចូលរួមជាមួយរដ្ឋបាលស្រុកនិងភាគីថាជាម្ចាស់មានបានកម្មសិទ្ធិឯកជននោះ គិតមកដល់ត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈដ្ឋានទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលនៅតែមិនទាន់ទទួលនូវរដ្ឋលិខិតទាំងនោះជាសាធារណៈគឺមានន័យថាបើមានការស្នើសុំក៏ត្រូវតែមានការអនុញ្ញាតចេញជាលិខិតដោយគិតចាប់ពីថ្ងៃនៃការអនុញ្ញាតឲ្យរហូតដល់បញ្ចប់នៃការអនុញ្ញាត ដែលបញ្ជាក់នៅទំហំចំនួនបរមាណម៉ែត្រការ៉េសម្រាប់ចាក់លើទីតាំងនេះផងដែរ។
ក្នុងស្ថានភាពបច្ចុប្បន្ននេះគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មជ្ឈដ្ឋានទូទៅបានទទូចស្នើសុំតាមរយៈបណ្ដាញសារព័ត៌មានយើងបន្ថែមទៀតថា :
១-សូមឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំចាត់មន្ត្រីដើម្បីធ្វើការអធិការកិច្ចថាតើការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិត្រឹមត្រូវដែរឬយ៉ាងណា? បើការអនុវត្តមានលក្ខណៈត្រឹមត្រូវហើយគួរតែបង្ហាញជាសាធារណយ៉ាងម៉េចដែរចំពោះការលើកឡើងកន្លងមកក៏ដូចជាមតិមួយចំនួនដែលបាននិយាយមកថាការអនុវត្តច្បាប់មានស្តង់ដាពីរផ្សេងគ្នា គឺសម្រាប់ពលរដ្ឋតូចទៀតធ្វើការចុះហត្ថលេខាថ្នាក់ក្រុមដល់ថ្នាក់លើ ក៏ប៉ុន្តែជុំវិញករណីដីនេះជាក់ស្ដែងបែរជាថ្នាក់មូលដ្ឋានក្រោមហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ ឬក៏មានអាថ៌កំបាំងអ្វីអាចនឹងបិទបាំងមិនឱ្យអ្នកដទៃដឹង?
ប្រសិនបើក្នុងករណីធ្វើផ្ទុយពីនីតិវិធីរបស់ច្បាប់ដែលបានចែង ក៏ដូចជាគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលអំពីដីអនុក្រឹត្យរបស់រដ្ឋតើត្រូវរៀបចំឲ្យមានការវិនិយោគរបៀបណា? ធ្វើការដោះដូរព្យាប័ណ្ណបុគ្គលឯកជនកម្មសិទ្ធិរបៀបណា គឺសូមបញ្ជាក់ឲ្យច្បាស់ជុំវិញករណីខាងលើនេះផងដែរ នេះបើយោងតាមការលើកឡើងរបស់សាធារណៈជនទូទៅ។
២- ស្នើសុំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមចិត្តមន្ត្រីចុះពិនិត្យមើលទីតាំងនេះដោយក្តីគោរព។
៣-ស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សូមចិត្តមន្ត្រីដើម្បីពិនិត្យមើលការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម ថាតើប័ណ្ណកម្មសិទ្ធិដែលបានចេញនោះគឺស្របតាមនីតិវិធីជាគោលការណ៍ដែលអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានដាក់មកដែរឬយ៉ាងណា? ហើយសូមប្រកាសជាសាធារណៈអំពីទីតាំងចំណុចដីទាំងអស់នោះដើម្បីជៀសវាងមានចម្ងល់ចេញពីសាធារណៈជនទូទៅ ថាអ្នកមានលុយ អ្នកមានអំណាចអាចធ្វើបាន ហើយការកាត់ចេញជាសម្បត្តិឯកជននោះក្នុងគោលបំណងវិនិយោគទៅលើអ្វីដែរ ឬគ្រាន់តែជាការរក្សាទុកជាសម្បត្តិរបស់បុគ្គលផ្ទាល់ខ្លួនដែរឬយ៉ាងណា?
៤-ស្នើសុំឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមចាត់មន្ត្រីចុះអធិការកិច្ចដោយការគោរព។
អង្គភាពសារព័ត៌មានរបស់យើងនឹរង់ចាំទទួលនូវការបំភ្លឺបន្ថែមជុំវិញភាគីពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលា និងនៅក្នុងម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជា ហើយយើងនឹងមានការចុះផ្សាយជាបន្តបន្ទាប់ទៀតផងដែរ ក្នុងករណីចាំបាច់ សូមអរគុណ!
