ពិតជាថ្លើមដុះរោមមែន ហ៊ាននោះហ៊ាន ..!ហ៊ានរកលេខដាក់គ្មាន ច្បាប់សាងសង់តាមមាត់ទន្លេសាបមិនមានផង ឥឡូវមិនត្រឹមតែមិនស្ដាប់អាជ្ញាធរចេញសេចក្តីប្រកាសព័ត៌មានទេ បែរជាថែមទាំងនាំគ្នាលួចសាងសង់គ្មានខ្លាចនរណាបន្តិច យ៉ាងម៉េចអញ្ចឹងលោកអភិបាលស្រុកអើយ លោក សុវណ្ណា អើយ !អោយតែរបៀបនេះតើស្រុកយើងរំពឹងលើច្បាប់អ្វីដែរ មានតែខ្សឹបឲ្យឮដល់ព្រះឥន្ទ ឬថ្នាក់ដឹកនាំកំពូលជាតិទេ ដែលអាចឱ្យបុគ្គលមួយចំនួនឃុបឃិតគ្នា ហើយឱ្យស្គាល់រសជាតិនៃច្បាប់មានតម្លៃធំប៉ុណ្ណា? ឬមិនខុសពីពាក្យលោកថា ជ្រូកបើមិនស្គាល់ទឹកក្តៅទេក៏អត់ភ្ញាក់ខ្លួនដែរ..(វគ្គ២)!
ខេត្តកណ្តាល ស្រុកពញាឮ :
ប្រិយមិត្តលោកអ្នកនាងកញ្ញាដែលកំពុងតែទស្សនាជាទីមេត្រី ល្មមដល់ពេលវេលាឲ្យប្រមុខរាជរដ្ឋាភិបាលបានដឹងតែម្ដងទៅនៅថ្ងៃនេះ ពិសេសបំផុតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យលោកបានជ្រាបនិងធ្វើការវះកាត់សាច់ស្អុយខ្លះចោលតែម្តងទៅ ប្រសិនបើរកឃើញនូវមន្ត្រីដែលពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធណាមួយ ហើយកាលបើទុកបណ្ដែតបណ្ដោយឱ្យការធ្វើរបៀបនេះប្រជាពលរដ្ឋទូទៅច្បាស់ជាអស់ជំនឿលើច្បាប់ហើយ។
ច្បាប់ខំតាក់តែងដោយផ្ចិតផ្ចង់ដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ឲ្យយើងនាំគ្នាអនុវត្តដើម្បីយុត្តិធម៌សង្គមនិងសុខដុមរមនាចំពោះមនុស្សក្នុងលោក ហើយប្រសិនបើជាមានអាជ្ញាធរមន្ត្រីខ្លះមិននាំគ្នាគោរពច្បាប់បណ្ដែតបណ្ដោយឲ្យអ្នកមានលុយមានអំណាចធ្វើអ្វីតែអំពើចិត្ត ពីពេលនេះតទៅតើឱ្យពលរដ្ឋរំពឹងអ្វីទៅ? ពិសេសមន្ត្រី អាជ្ញាធរស្រុកពញាឮក្រោមការគ្រប់គ្រងរបស់លោក ថន សុវណ្ណា ដែលពលរដ្ឋថាគាត់ខិតខំទប់ស្កាត់ណាស់ដែរ តែប្រហែលជាទប់មិនឈ្នះលើឥទ្ធិពលក្រដាសដុល្លាររបស់អ្នកមានលុយមានអំណាចហើយមើលទៅ ទើបគេហ៊ានបន្តសាងសង់របងថ្មបន្តទៅទៀតដោយមិនញញើតលោកអភិបាលស្រុកពញាឮ លោក ថន សុវណ្ណា ហើយមើលទៅ!ពិតជាគួរឲ្យសោកស្ដាយមែន!
សូមជម្រាបបន្ថែមតទៅទៀតថា កន្លងមកការយកអាចម៌ដីចាក់ចូលដោយម្ចាស់ទីតាំងចូលច្រាំងមាត់ទន្លេទាំងខុសច្បាប់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងតំបន់ជាប់មាត់ទន្លេស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ប្រជាពលរដ្ឋខ្លះថាគ្មានច្បាប់ណាដែលចេញឲ្យមានប័ណ្ណអចលនវត្ថុប្លង់រឹងទេលើកលែងតែលើសពី៣០ម៉ែត្រ ឥឡូវពេលនេះមានអ្នកខ្លះមានប្លង់រឹងដីជាប់មាត់ទន្លេទៀត ហើយពិសេសផងដែរនោះប៉ុន្មានថ្ងៃមកនេះរហូតមកទល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ការបន្តលួចសាងសង់សំណង់ចូលដីមួយកន្លែង ដែលអាជ្ញាធរស្រុកបានអាសអាងថាជាដីកម្មសិទ្ធិរបស់គេ ខណៈដែលដីជាប់ព្រំរបងនោះអាចជាកម្មសិទ្ធិរបស់រដ្ឋឬជារបស់អ្នកណាមួយឲ្យពិតប្រាកដក៏ព្រោះតែប្រសិនបើដីមានម្ចាស់ ច្បាស់ណាស់គ្មានអ្នកណាមួយទៅលួចសាងសង់លើដីរបស់គេទាំងថ្ងៃទាំងយប់ ដូចកន្ទាលធំបន្លំដេកដូចនេះទេ? តើដូចជាការសង្ស័យដើម្បីសាងសង់លើរបងនេះបានប្រហែលជាដីរបស់រដ្ឋទេដឹង?
សំណួរមានរាប់រយពាន់សំណួរគឺភាគច្រើនសួរថាតើមូលហេតុអ្វីៗៗ?សំណង់មិនដែលមានវិញាណទេ ហើយសំណង់ក៏គ្មានចលនាដោយខ្លួនឯងដែរ មានតែមនុស្សទេដែលអាចធ្វើឲ្យវិញ្ញាណចេះប្រែរូប និងមានចលនាដើម្បីសំណង់របងមួយនេះខ្ពស់ត្រដែតពីមួយថ្ងៃទៅមួយថ្ងៃដោយសារការសែនព្រេនត្រូវ។
សូមជម្រាបថាលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ខេត្តកណ្ដាលបានចេញសេចក្តីប្រកាសដោយលើកសេចក្តីប្រកាសព័ត៌មានទប់ស្កាត់ និងហាមឃាត់ ស្របពេលដែលមានមតិរិះគន់ពីសំណាក់សាធារណៈជន និងផ្តល់ខំផ្ដល់ព័ត៌មានគោរពជូនថ្នាក់ដឹកនាំជាតិឲ្យលោកបានជ្រាបថាបើបណ្ដែតបណ្ដោយឲ្យអ្នកមានលុយមានអំណាចធ្វើព្យុះផ្គរភ្លៀងតែរបៀបនេះគឺប្រាកដជានាំឱ្យប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលៗនៃជាតិ ក៏ដូចជាការអនុវត្តច្បាប់របស់អាជ្ញាធរ មន្ត្រីរាជការជាក់ជាមិនខាន។
ហើយវគ្គទី១ យើងបានធ្វើការផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយអំពីអ្វីដែលមន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធបានផ្ដល់ដំណឹងរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាលរួចទៅហើយ ហើយក៏មានសេចក្តីបំភ្លឺព័ត៌មានជូនដល់សាធារណជនឲ្យបានជ្រាបផងដែរ នូវខ្លឹមសាររបស់រដ្ឋបាលស្រុកពញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលមានអត្ថន័យដូចតទៅ:
(ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ រដ្ឋបាលស្រុកពញាឮ សូមធ្វើការបំភ្លឺជូនថា ក្រោយពីទទួលបាន ព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានចាត់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ស្រុក ចុះទៅពិនិត្យលើទីតាំងដីជាក់ស្តែងឃើញថា ៖ ទីតាំងនេះបានធ្វើការចុះបញ្ជីដីដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលវត្ថុក្បាលដីលេខ 08091001-0640 មានទំហំ1685 ម៉ែត្រការ៉េ របស់ឈ្មោះ ម៉ារ៉ា រ៉ូហ្សា និងឈ្មោះ ម៉ារ៉ា ដាល្យា ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ទីតាំងដីនេះកន្លងមកមាន របងខ័ណ្ឌព្រំដីរួចហើយ ប៉ុន្តែមិនមានសភាពរឹងមាំនោះទេ បច្ចុប្បន្នម្ចាស់ដីបានធ្វើការរុះរើទើបងចាស់ និងបាន សាងសង់របងថ្មីជំនួសឡើងវិញដើម្បីការពារសុវត្តិភាពផង និងដើម្បីបញ្ចៀសបាននូវបាតុភាពផ្សេងៗដែល អាចកើតមាន ។
ការសាងសង់របងនេះមានមួយចំណែកគឺសង់លើចំណីទន្លេ និងមួយចំណែកសង់លើចំណីផ្លូវ ប៉ុន្តែ ជារបងខ័ណ្ឌព្រំដីទេ ករណីនេះកន្លងមករដ្ឋបាលស្រុកបានធ្វើការណែនាំជាច្រើនដងរួចមកហើយឱ្យម្ចាស់ សំណង់ធ្វើការគោរពច្បាប់ឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់តាមការណែនាំ ។ ម្ចាស់សំណង់បានធ្វើកិច្ច សន្យាថា ការសាងសង់របងនេះគឺដើម្បីការពារសុវត្តិភាពតែប៉ុណ្ណោះ បើថ្ងៃក្រោយរដ្ឋត្រូវការ គាត់នឹងធ្វើការរុះ រើចេញវិញដោយមិនមានលក្ខខណ្ឌអ្វីឡើយ ចំពោះរបងព្រំដែលសង់ចូលទៅលើដីអ្នកជាប់ព្រំ ម្ចាស់សំណង់ នឹងធ្វើការរុះរើចេញវិញ និងសង់ឱ្យបានត្រឹមត្រូវ ។
ចំណែកការចាក់ដីលើច្រាំងទន្លេជម្រៅប្រមាណជា ១៧ម៉ែត្រនេះ ពុំមានលិខិតអនុញ្ញាតទេ ប៉ុន្តែរដ្ឋ បាលស្រុកយល់ឃើញថា ការចាក់ដីនេះមិនមានប៉ះពាល់ដល់ចរន្តផ្លូវទឹកនោះទេ ប៉ុន្តែជាការចូលរួមចំណែក ក្នុងការកែលម្អរ ទប់ច្រាំងទន្លេឱ្យបានរឹងមាំ ដោយហេតុថានៅទីតាំងនេះកន្លងធ្លាប់មានការបាក់ច្រាំង និងនៅ កៀកផ្លូវជាតិលេខ៥ (ប្រហែលជា៤០ម៉ែត្រពីទីតាំងផ្លូវ) ។
សម្ដេចទ្រង់ឯកឧត្តម លោកលោកស្រី អ្នកនាងកញ្ញា ទោះជាយ៉ាងណាក៏ដោយច្បាប់គឺជាច្បាប់ អ្នកប្រព្រឹត្តផ្ទុយពីច្បាប់អាចមានកំហុសទោសទណ្ឌប្រសិនបើច្បាប់ត្រូវអនុវត្តហើយក៏ព្រោះតែដោយសារច្បាប់ផងដែរ។
ហេតុដូច្នេះហើយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅ នៅតែមានជំនឿជឿជាក់ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសក្នុងដែនសមត្ថកិច្ចដែលក្រោមការគ្រប់គ្រងរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈវិបាលខេត្តកណ្ដាល ក្នុងនាមឯកឧត្តមជាអ្នកមុខអ្នកការដែលពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូលជឿជាក់លើចំណាត់ការឯកឧត្តមក្នុងការកសាងសមិទ្ធផលចំពោះខេត្តកណ្ដាល។ដោយមានជំនឿ និងទុកចិត្តអំពីអ្វីដែលជាសកម្មភាពពិតជាក់ស្ដែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ក៏ដូចជាស្ថាប័នមន្ត្រីរាជការពាក់ព័ន្ធជុំវិញករណីខាងលើនេះថានឹងមានចំណាត់ការជាក់ជាមិនខាន ហើយនេះបើយោងតាមប្រជាពលរដ្ឋដែលរំពឹង និងជឿជាក់ក្នុងអាណត្តថ្មីរបស់មុខរាជរដ្ឋាភិបាលថ្មីឆ្នាំ២០២៦ អ្វីៗបើមិននាំគ្នាគោរពច្បាប់ទេអាចនឹងអស់តំណែង តួនាទី និងមុខងាទៀតហើយមើលទៅ!
អង្គភាពសារព័ត៌មានយើងទាំងអស់គ្នាមិនមានបំណងអាក្រក់លើអាជ្ញាធរ មន្ត្រីណានោះទេ នឹងឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ ដើម្បីចូលរួមស្ដារការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងសូមឱតុល្យភាពស្មើគ្នាចំពោះមុខច្បាប់ មានការគោរពច្បាប់គឺមិនថាឡើយអ្នកមានលុយ អ្នកមានអំណាចធំប៉ុណ្ណាឬអ្នកក្ររហេមរហាមក៏ដោយ ច្បាប់បានកំណត់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ទើបប្រទេសជាតិយើងដំណើរការដោយនីតិរដ្ឋ និងមានការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ សូមអរគុណ៕




