តើពិតទេ ដីចំណីរជម្រកព្រៃឈើមួយផ្នែកត្រូវបានឈ្មួញដាក់បញ្ចូលដើម្បី ធ្វើប័ណ្ណកម្មសិទ្ធិកគ្របដណ្ដប់លើសម្បត្តិ សាធារណៈរបស់រដ្ឋដែលផ្ទុយពីច្បាប់ និងអនុក្រឹត្យបានកំណត់ជាធរមាន តែរដ្ឋបាលស្រុកឈូកបានចេញបំភ្លឺថាសូមប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានមកពិនិត្យមើលនៅសាលាស្រុក ផ្ទុយពីរាជរដ្ឋាភិបាលដែលតែងតែប្រកាសថាសូមឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការសហការជាមួយអ្នកសារព័ត៌មានស្របពេលវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងសម័យឌីជីថលទំនើបទទួលយកព័ត៌មានគ្រប់ទម្រង់និងលឿនរហ័ស…(វគ្គ៣)!
រាជធានីភ្នំពេញ ស្រុកឈូកខេត្តកំពត : បើយោងតាមប្រភពព័ត៌មាននៅតែបន្តវែកញែក និងផ្ដល់មកថាទីតាំងចំណីរជម្រកដែនព្រៃឈើដែលស្ថិតនៅក្នុងភូមិនារាយ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវបានឈ្មួញធ្វើការគ្រប់ដណ្ដប់មួយផ្នែកនៃដីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយបច្ចុប្បន្នជាអគាររោងចក្រជួលឱ្យជនជាតិបរទេស(ចិន)ធ្វើការប្រកបអាជីវកម្មរកស៊ីដែលជាករណីផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងយ៉ាងច្បាស់អំពីការហាមប្រាមមិនឲ្យមាននៅការទន្ទ្រានយកដីសម្បត្តិសាធារណៈរបស់រដ្ឋដែលស្ថិតនៅក្នុងដែនជម្រកព្រៃឈើណាមួយនោះឡើយ។
ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋបាលស្រុកឈូក ធ្វើសេចក្តីបំភ្លឺអំពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានធ្វើការចេញផ្សព្វផ្សាយដំណឹងដើម្បីជម្រាបគោរពជូនដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរខេត្តកំពតនៅលើទីតាំងដីខាងលើនេះ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជាថ្នាក់ដឹកនាំមួយពោរពេញទៅដោយសមត្ថភាពក្នុងការអភិវឌ្ឍន៍កែប្រែមុខមាត់ខេត្តកំពតដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនផង និងបំពេញមុខមាត់ជាលក្ខណៈអន្តរជាតិផង។
ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏បានដាក់ផែនការមួយចំនួនឲ្យថ្នាក់ដឹកនាំតំបន់នៃស្រុកនីមួយៗនៃខេត្តកំពតត្រូវយកចិត្តទុកដាក់មើលការខុសត្រូវនូវសុខទុក្ខប្រជាពលរដ្ឋនៅក្នុងការដោះស្រាយវិវាទផ្សេងៗ និងការពារជៀសវាងកុំឱ្យមានជនខិលខូចមកធ្វើការឃុបឃិតគ្នាណាមួយដើម្បីយកសម្បត្តិសាធារណៈរបស់រដ្ឋនៅគ្រប់ទីកន្លែងក្នុងដែនសមត្ថកិច្ចនៃខេត្តកំពត ទៅធ្វើជាកម្មសិទ្ធិផលប្រយោជន៍បុគ្គលខ្លួនឯង។
ការប្រតិកម្មរបស់រដ្ឋបាលស្រុកឈូក អំពីការចេញផ្សាយរបស់អ្នកសារព័ត៌មានហាក់បីដូចជាបង្ហាញអំពីអ្វីដែលមិនមែនជាទិដ្ឋភាពក្នុងការសហការក្នុងទិសដៅផ្សារភ្ជាប់និងសម័យប្រព័ន្ធឌីជីថលតាមបច្ចេកវិទ្យាទំនើប ពិសេសរឹតតែនាំឱ្យមានសាធារណៈជនមានការរិះគន់ចំពោះការចេញសេចក្តីបំភ្លឺលើលិខិតនោះដោយបញ្ជាក់ពីគោលបំណងគឺ :
(រដ្ឋបាលស្រុកឈូកសូមបញ្ជាក់ថា :ចំពោះការផ្សព្វផ្សាយព័ត៌មានគឺផ្ទុយពីការពិត ព្រមទាំងបំភ្លឺសព័ត៌មានទាំងស្រុង ចំពោះការសាងសង់គឺរដ្ឋបាលស្រុកបានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ ប្រសិនបើ ចង់បានព័ត៌មានច្បាស់លាស់ទាំងឡាយដែលចេញផ្សាយខាងលើ សូមអញ្ជើញមកសាលាស្រុកឈូក រៀងរាល់ម៉ោងធ្វើការដើម្បីពិនិត្យផ្ទៀងផ្ទាត់ ឯកសារផ្លូវច្បាប់នានាបាន)។
ក្នុងនាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន តែងតែប្រកាន់ខ្ជាប់នៅវិជ្ជាជីវៈ និងធ្វើយ៉ាងណាផ្សព្វផ្សាយដំណឹងជូនថ្នាក់ដឹកនាំដើម្បីពិនិត្យមើលឲ្យបានលឿនរហ័ស និងជាព័ត៌មានដែលត្រូវដើរទាន់ពេលវេលាតាមសម័យបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ទៅធ្វើដំណើររាប់រយគីឡូម៉ែត្រពីចំណុចមួយទៅទីតាំងនៃចំណុចមួយណានោះទេ ហើយក៏គ្មានឯកសារណាដែលត្រូវបិទបាំងទៅលើរបៀបគ្រប់គ្រងតាមប្រព័ន្ធណានោះដែរ វាលើកលែងតែករណីនៃបញ្ហាសន្តិសុខជាតិ ឬជាឯកសារណាដែលនាំឱ្យមានផលប៉ះពាល់ដ៍ធ្ងន់ធ្ងរចំពោះច្បាប់ដែលបានចែងតែប៉ុណ្ណោះ បើជាឯកសារសម្បត្តិសាធារណៈរបស់រដ្ឋគឺគ្រប់គ្នាមានសិទ្ធិទទួលយកនូវព័ត៌មានពិតប្រាកដគ្មានការលាក់លៀម។
យើងជាប្រព័ន្ធផ្សព្វផ្សាយសូមអរគុណចំពោះការឆ្លើយតបត្រឡប់តាមរយៈសេចក្តីបំភ្លឺរបស់សាលាស្រុកឈូក តាមអ្វីដែលជាការយល់ឃើញរបស់រដ្ឋបាលស្រុកដោយឱ្យអ្នកសារព័ត៌មានចូលទៅពិនិត្យមើលនៅឯសាលាស្រុកខេត្តកំពត បើទោះបីជាការបំភ្លឺនោះមានខ្លឹមសារអត្ថន័យកម្រិតណាក៏ដោយ ក៏ជាការយកទឹកចិត្តទុកដាក់ចំពោះការផ្ដល់ដំណឹងពីចម្ងាយផងដែរ ហើយសង្ឃឹមថាការឆ្លើយតបត្រឡប់ទៅវិញក៏ដូចជាព័ត៌មានបន្ថែមចំពោះការលើកឡើងកន្លងមកគឺជាស្មារតីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមសង្គមសម្រាប់ការអភិវឌ្ឍ និងការពារផលប្រយោជន៍សម្បត្តិសាធារណៈរបស់រដ្ឋទាំងអស់គ្នាតែប៉ុណ្ណោះ។
ចំពោះសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកឈូកនោះដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានមួយចំនួនដែលបានចេញផ្សាយកន្លងមកដោយរំលឹកបញ្ជាក់ឡើងវិញថា :
(ហ៊ាននោះហ៊ាន! ហ៊ានរកលេខដាក់គ្មាន !ហ៊ានដល់ថ្នាក់យកដីរបស់រដ្ឋទៅរត់ការធ្វើប្លង់បណ្ណកម្មសិទ្ធិដោយបិទបាំងធ្វើអាគាររោងចក្រជួលឱ្យចិន!ឱព្រះអើយ! មិនខុសពីពាក្យគេថា(កន្ទេលធំបន្លំដេក)តែទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ! នេះជាព័ត៌មានកាន់តែក្តៅហើយ ក្តៅដូចទឹកពុះ ១០០អង្សាសេ..!
ខេត្តកំពត :បើយោងតាមប្រភពដែលបានផ្ដល់មកបន្ថែមទៀតថាទីតាំងអគាររោងចក្រដែលបានសាងសង់លើដីព្រៃរបស់រដ្ឋស្ថិតនៅក្នុងភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត បានកំពុងតែរត់ខ្វែងដៃខ្វែងជើងដើម្បីធ្វើយ៉ាងណាឲ្យចេញប្លង់បានមុនរឿងនេះផ្ទុះឡើងបន្ទាប់ពីមានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចេញផ្សាយជាបន្តបន្ទាប់កន្លងមក។ឃុំនរាយណ៍ជាឃុំដែលមានសក្ដានុពលផងដែរសម្រាប់ការវិនិយោគផ្សេងៗ ឃុំនរាយណ៍មានភូមិសរុបចំនួន៤ គឺភូមិនរាយណ៍ ភូមិពស់ពង ភូមិព្រៃស្បូវ និងភូមិខ្នាចរមាស។
រឿងដ៏អាស្រូវមួយនេះដែលជាការបិទបាំងឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះកន្លងមកធ្វើឲ្យសាធារណជនមានការហួសចិត្ត និងសោកស្ដាយបំផុតចំពោះទង្វើរបស់ម្ចាស់ទីតាំងដែលហ៊ានធ្វើដូច្នេះចាត់ទុកថាម្ចាស់ទីតាំងនេះហ៊ាននោះហ៊ានគឺហ៊ានទាំងបំពានច្បាប់តែម្ដង។
សូមរំលឹក និងបញ្ជាក់ផងដែរថាកន្លងមករឿងនេះមិនទាន់ត្រូវបានចេញផ្សាយនោះនៅឡើយទេ សាធារណជនដែលជាអ្នកផ្ដល់នូវប្រភពព័ត៌មានបានបញ្ជាក់ថាគឺគ្រាន់តែជាការអភិវឌ្ឍន៍ក្រោមការស្នើសុំពីរថ្នាក់ដឹកនាំតែប៉ុណ្ណោះ ធាតុពិតនៅពីក្រោយខ្នងមានម្ចាស់កំពុងតែរត់ប្លង់កាន់កាប់ដីបណ្ណកម្មសិទ្ធិនេះ។
នៅក្នុងអាណត្តដែលឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមកកាន់ទីនេះ ការបំបែកសំណុំរឿងដ៍អាថ៌កំបាំង សុីជម្រៅ និងលាតត្រដាងរឿងអាស្រូវរបស់ឧកញ៉ា មានលុយ អ្នកមានអំណាច អ្នកមានបុណ្យស័ក្ក លោកជំទាវ ឥស្សរជនជាថ្នាក់ដឹកនាំមួយចំនួន បានប្រព្រឹត្ត និងនាំគ្នាប្រព្រឹត្តនៅអំពើពុករលួយ ការនាំគ្នាដណ្ដើមតវ៉ាកាន់កាប់ដីជាសម្បត្តិសាធារណៈរបស់រដ្ឋទាំងឡាយទាំងពួងមួយរយៈកាលប៉ុន្មានឆ្នាំមកនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន មិនអាចទុកឱ្យជនខិលខូចទាំងអស់នោះនៅបន្តធ្វើព្យុះធ្វើភ្លៀងដែលអាចនាំពពកខ្មៅបក់បោកនៅក្នុងដែនទឹកដីជាប់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលមួយនេះបន្តទៀតបាននោះទៀតទេ។ ហើយអ្នកដែលនាំគ្នាទៅធ្វើដូច្នោះមិនយូរទេច្បាស់ណាស់ក្រោមកណ្ដាប់ដៃដែលគេតែងតែឲ្យរហស្សនាមថាជាប៉ាវចិនទី២នៅកម្ពុជា។ ហើយរឿងនេះគឺមិនយូរទេការលាតត្រដាងទាំងអស់នេះនឹងត្រូវវែកមុខក្នុងពេលឆាប់ៗនេះថាតើនរណាជាប់ពាក់ព័ន្ធនឹងរឿងទាំងអស់នេះដែរ?
ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានធ្វើការសាកសួរបន្ថែមជាលើកទី២ចំពោះលោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក បន្ទាប់ពីមានការទំនាក់ទំនងទូរសព្ទទៅនាយករដ្ឋបាលស្រុកឈូកមិនអាចធ្វើការជជែកបានដោយសារលោកនាយករដ្ឋបាលស្រុកឈូកលោកជាប់រវល់ប្រជុំ។
លោក សៅ មឿន អភិបាលស្រុកឈូកបានបញ្ជាក់យ៉ាងខ្លីថាលោកអញ្ជើញអ្នកសារព័ត៌មានទៅកាន់សាលាស្រុក។ដើម្បីពិនិត្យមើលជាក់ស្ដែងថារឿងទាំងអស់នេះវាអញ្ចេះវាអញ្ចុះ សូមឲ្យមកមើលជាក់សហតែងដោយមានមន្ត្រីជំនាញបង្ហាញ ចំពោះលោក គឺលោកមិនអាចផ្ញើឯកសារតាមរយៈបណ្ដាញតេឡេក្រាមឬប្រព័ន្ធណាមួយបាននោះទេ សូមអញ្ជើញមក..!សូមអញ្ជើញមក..!សូមអញ្ជើញមក..!
ដើម្បីជាការឆ្លើយតបចំពោះថ្នាក់ដឹកនាំរបស់រដ្ឋបាលស្រុកឈូកឱ្យបានជ្រាបផងដែរនោះ ក្នុងនាមប្រព័ន្ធផ្សព្វផ្សាយរបស់យើង នៅតែសូមប្រកាន់ជំហរសារជាថ្មីម្ដងហើយម្តងទៀតថា ប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាញសារព័ត៌មានដែលមានសិទ្ធិអំណាចដើម្បីធ្វើការផ្សព្វផ្សាយអំពីរឿងរ៉ាវដែលកើតឡើង និងបានកំពុងកើតឡើង ហើយក៏ជាអំណាចមួយដែលគ្មានស្ថាប័នណាមករំលោភបំពានបានដែរ តែយើងមិនមានតួនាទីអាកាត់ជំនួសស្ថាប័ននៃអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការបានទេ ប៉ុន្តែដើម្បីជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយអ្វីដែលល្អជាការចូលរួមចំណែកនូវបង្កើនតម្លៃវប្បធម៌ អរិយធម៌ សាសនា សង្គមជាតិ និងចូលរួមផ្សព្វផ្សាយបំបាត់នូវទង្វើអសកម្មក្នុងទីកន្លែងណាមួយនៅទូទាំងរាជធានីខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជាផងដែរនោះ គឺយើងក៏ចង់បញ្ជាក់បន្ថែមទៀតដែរថាបើទោះបីទីតាំងនេះត្រូវកាត់ចេញ ឬមិនកាត់ឲ្យម្ចាស់កម្មសិទ្ធិឬមិនកាត់ឱ្យ គឺជាសិទ្ធិអំណាចរបស់រដ្ឋបាលឬមន្ត្រីជំនាញស្រុក ខេត្តកំពតតែប៉ុណ្ណោះ។
បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់យើងគ្រាន់តែដើរតួនាទីផ្សាយដំណឹងដើម្បីជម្រាបឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធឲ្យបានជ្រាបជាដំណឹងតែប៉ុណ្ណោះ ព្រោះតែទីតាំងទាំងអស់នេះដែលជាទីតាំងចំណីជម្រកព្រៃឈើក្រោមការគ្រប់គ្រងរបស់សម្បត្តិសាធារណៈរបស់រដ្ឋ។
សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល នៅតែសូមឱ្យមានការពិចារណាតែប៉ុណ្ណោះ? តើសកម្មភាពទាំងអស់នោះយ៉ាងម៉េចដែរ? តើគួរអនុញ្ញាតចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ឬក៏មិនត្រូវបានចេញបណ្ណកម្មសិទ្ធិជូនបុគ្គលណាមួយនោះ?
ការនាំគ្នាចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា យើងមានតែធ្វើអ្វីដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នា) ។
បើទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលនៅតែតាមដានយកចិត្តទុកដាក់អំពីអ្វីដែលជាការលើកឡើងពីសាធារណៈជនទូទៅដើម្បីពិនិត្យមើលរឿងដីជាចំណីជម្រកដែនព្រៃឈើដែលមានទីតាំងអសយដ្ឋានខាងលើនេះដោយមានជំនឿចំពោះការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
យ៉ាងណាមិញសាធារណៈជនទូទៅក៏នៅតែមានការសំណូមពរចំពោះរាជរដ្ឋាភិបាលដែលមានអន្តរក្រសួងដើម្បីពិនិត្យមើលករណីខាងលើនេះ ក្នុងនោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធ្វើការស្រាវជ្រាវថាតើករណីនោះបានធ្វើឲ្យមានការខាតបង់ឬក៏ជាផលប៉ះពាល់ដល់ដីសម្បត្តិសាធារណៈរបស់រដ្ឋកម្រិតណា ដើម្បីការពារនូវសម្បត្តិធនធានរបស់រដ្ឋក្រោមការចុះត្រួតពិនិត្យមើលនៃស្ថាប័នពាក់ព័ន្ធមានដូចជា :
-គោរពស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងខាងលើនោះដោយការគោរព។
– សូមគោរពស្នើសុំចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងថាលើនេះដោយការគោរព។
– សូមគោរពស្នើសុំចំពោះក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន សូមចាត់មន្ត្រីចុះធ្វើអធិការកិច្ចដោយការគោរព។
– សូមគោរពស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីដើម្បីចុះអធិការកិច្ចនៅលើទីតាំងនោះផងដែរ។
-សូមគោរពឯកឧត្តម ម៉ៅធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សុំចិត្តមន្ត្រីនៃថ្នាក់ខេត្តជួយពិនិត្យនៅលើទីតាំងនោះដោយការគោរពផងចុះ។
-សូមស្នើសុំអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការពិនិត្យស្រាវជ្រាវលើទីតាំងកន្លែងខាងលើនេះថាតើការអនុវត្តច្បាប់ចំពោះពន្ធអាករទាំងឡាយអាចមានការបាត់បង់ឬមានការខ្វះចន្លោះប្រហោងដែរឬទេ ប្រសិនបើក្នុងករណីមានការគេចវេសណាមួយ សូមពិនិត្យស្រាវជ្រាវដោយការគោរព។
ដោយឡែកយើងជាប្រព័ន្ធផ្សព្វផ្សាយក៏នៅតែទទួលការរង់ចាំគ្រប់ពេលវេលាជុំវិញការផ្ដល់នូវដំណឹងជាបន្តបន្ទាប់ដើម្បីធ្វើការចេញផ្សាយជាបន្តហូរហែរស្របតាមអ្វីដែលច្បាប់បានកំណត់ស្ដីអំពីវិជ្ជាជីវៈនៃរបបសារព័ត៌មាននៅកម្ពុជា…សូមអរគុណ។

