ម្ចាស់ដីដែលគេតែងតែស្គាល់ថាមានងារជាឧកញ្ញា និងជាម្ចាស់ទូកដរមួយបានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់ ផ្ទុយពីច្បាប់ហាមប្រាមរាល់ការបំពានណាមួយខុសពីគោលការណ៍ដែលត្រូវអនុវត្តឲ្យមានការគោរពជាដាច់ខាត សូមអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជ្រាបជាព័ត៌មាន..!
ក្រុងសំពៅពូន ខេត្តកណ្ដាល : បើយោងតាមប្រភពព័ត៌មានដែលផ្ដល់មកកាលពីប៉ុន្មានថ្ងៃនេះដោយគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៦ បានបញ្ជាក់យ៉ាងច្បាស់មកថាមានការចាក់ទន្ទ្រានលើមាត់ច្រាំងបឹងទន្លេបាសាក់មួយទីកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលនាំឲ្យមានសាធារណជនមានការរិះគន់យ៉ាងខ្លាំងទៅលើការបំពានលើចំណីរច្រាំងដងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខនៅខាងមុខព្រះបរមរាជវាំងហូរកាត់ឆ្ពោះទៅដល់ប្រទេសវៀតណាម។
ប្រភពនៅបញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំងនេះគឺមានងារជាឧកញ៉ា រហស្សនាមថា(ឧកញ៉ាផា) ហើយជាម្ចាស់ទូកដរដែលនរណាក៏ស្គាល់ថាគាត់មានដីនៅក្នុងទីតាំងតំបន់ទាំងអស់នេះ ជួលឱ្យក្រុមហ៊ុនឬក៏ម្ចាស់ជំនួញ ដូចជាជនជាតិវៀតណាមដែលមករកស៊ីរស់នៅកម្ពុជាមានទីតាំងមួយចំនួនដូចជាម្ចាស់អាជីវកម្មនាំចូលត្រីដោយដឹកទាំងឡានទាំងឡានមកលក់នៅកម្ពុជាដែលឈ្មួញជិាជនជាតិវៀតណាមជាដើម។
ការអនុញ្ញាតដោយស្របច្បាប់ឬមិនស្របច្បាប់ណាមួយគឺយើងមិនទាន់ទទួលបានបញ្ជាក់ពីអាជ្ញាធរឬក៏ជាមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិឬថ្នាក់ជាតិនៅឡើយនោះទេ។
ទិដ្ឋភាពនេះចង់បង្ហាញឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ និងធ្វើការស្រាវអំពីព័ត៌មានទាំងនេះដើម្បីជៀសវាងមានផលប៉ះពាល់ដល់អាងទន្លេបាសាក់ដែលជាផ្លូវទឹកមួយដ៏សំខាន់ក្នុងការរំដោះទឹកចេញពីដងទន្លេមេគង្គនៅរដូវវស្សា និងក្នុងការលិចលង់លើចំការដំណាំប្រជាពលរដ្ឋនៅក្នុងទីតាំងដទៃដទៃទៀតក៏ព្រោះតែផ្ទៃបឹងទន្លេបាសាក់គឺជាសរសៃឈាមនៃដងទន្លេសាប និងទន្លេមេគង្គដែលហូរពីចំណុចមួយទៅចំណុចមួយ។
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំបន្ថែមទៀតតាមការផ្ដល់នូវប្រភពខាងលើនេះសូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមានដូចជា :
១-ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងខាងលើនេះដោយការគោរព។
២-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីចុះធ្វើការពិនិត្យ និងអង្កេតលើទីតាំងនេះថាមានច្បាប់អនុញ្ញាតស្របតាមប្លង់មេរបស់អន្តរក្រសួងជាពិសេសក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដែរឬទេ?
៣-ស្នើសុំឯកឧត្តម គួច ចំរើន ជួយចាត់មន្ត្រីរបស់រដ្ឋបាលខេត្តកណ្ដាល ដើម្បីធ្វើការពិនិត្យលើទីតាំងខាងលើនេះ ថាតើការធ្វើទាំងអស់នេះនាំឲ្យមានផលប៉ះពាល់ដល់ការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត និងអន្តរក្រសួងដែរឬយ៉ាងណា?
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅនៅមានជំនឿជឿជាក់រាល់ការបំពេញកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិដ៏មានប្រសិទ្ធភាពខ្ពស់នៅពេលបន្ទាប់ ឱ្យពួកគេកំពុងរង់ចាំមើលនៅការពិនិត្យ និងធ្វើការស្រាវជ្រាវលើទីតាំងនេះ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម និងរាល់ប្រភពព័ត៌មានទាំងឡាយដែលបានកើតឡើង កំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសទីតាំងនៃការចាក់ដីលើមាត់ច្រើនទន្លេបាសាក់ស្ថិតនៅក្នុងភូមិកំពុងកុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយអង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងបញ្ជាក់បន្ថែមគ្រប់ពេលវេលាដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់បន្តទៀត…សូមអរគុណ៕
ដោយ :ព្រះឥន្ទ្រ

